- ព័ត៌មានជាតិ

ការឈូសឆាយដី​ព្រៃឈើ​អត់​ច្បាប់ ១០០​ហិកតា នៅ​ស្រុក​អន្លង់វែង ល្បី​ថា ជា​របស់​ឧកញ៉ា មាន​តួនាទី​ជា​ប្រធាន​សភាពាណិជ្ជកម្ម​ម្នាក់ និង​ពាក់ព័ន្ធ​សមត្ថកិច្ច​មួយចំនួន​

ខេត្ត​ឧត្ដរមានជ័យ ៖ សមត្ថកិច្ច​ជំនាញ នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ហាក់ដូចជា​មាន​ការ​បិទ​បាំង រឿង​ឈូសឆាយ​ដី​ព្រៃឈើ​ស្រោង​ទ្រុឌ​ទ្រុល ដែល​ពុង​ធ្វើ​កម្ម​ភាព​ឈូសឆាយ ១០០​ហិកតា នៅ​ភូមិ​ត្រពាំង​ធំ និង​ភូមិ​ស្រឡៅ​ស្រោង ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ។​

​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ រហូតមកដល់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ មិនទាន់​ទទួលបាន​ច្បាប់​ឈូសឆាយ​នៅឡើយ​ទេ ទទួលបាន​តែ​លិខិត​លក់​ទិញ​ដីធ្លី​តែប៉ុណ្ណោះ​។​

​បើ​តាម​សមត្ថកិច្ច​ម្នាក់ បានអោយដឹងថា ដី​ព្រៃឈើ​ដែល​កំពុងតែ​ឈូសឆាយ ជា​របស់​ឧកញ៉ា​ម្នាក់ និង​មាន​តួនាទី​ជា​ប្រធានសភា​ពាណិជ្ជកម្ម នៅ​ខេត្ត​សៀមរាប ដែល​បាន​ទិញ​ដី​នោះ​។​

​លោក គង់ សារ៉េត នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អន្លង់វែង បានអោយដឹងថា លោក​បាន​ទទួល​តែ​លិខិត​លក់​ទិញ​ដី មិនទាន់​ទទួលបាន​ច្បាប់​ឈូសឆាយ​ព្រៃ​ទេ លោក​ថា ច្បាប់​ឈូសឆាយ​នៅ​ចៅហ្វាយស្រុក​។​

​លោក ហោ ជិន​វីរ​:​យុទ្ធ អភិបាល​ស្រុក​អន្លង់វែង បានអោយដឹងថា លោក​មិន​បានដឹង​ទេ ព្រោះ​គ្មាន​របាយការណ៍​ណាមួយ​មក​ដល់​លោក​។​

​លោក សូត្រ ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្ដរមានជ័យ បានអោយដឹងថា ចាប់តាំងពី​កំលាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចុះទៅពិនិត្យ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា រហូតមកដល់​ពេលនេះ លោក​មិន​ទាន់​ទទួលបាន​របាយការណ៍ ឬ​សេចក្ដីរាយការណ៍​ណាមួយ​ឡើយ​។ សមត្ថកិច្ច​ម្នាក់ បានអោយដឹងថា ក្នុង​រឿង​ហាក់ដូចជា​មាន​ការ​បិទ​បាំង​ខ្លាំងណាស់ សង្ស័យ​មាន​ការពាក់ព័ន្ធ​ជា​សង្កាត់រដ្ឋបាល​ព្រៃឈើ​ទៀតផង​៕ ប៉ែន នួន​

Leave a Reply

Your email address will not be published. Required fields are marked *