- ព័ត៌មានជាតិ

ស្ត្រី​មេ​ឈ្មួញ​វ័យក្មេង​ជើង​ខ្លាំង (​ឈ្មោះ ចែ ញ៉ាញ់​) រកស៊ី​ដឹក​ជញ្ជូន​ឈើ​ទ្វារ​អត់​ច្បាប់​ចេញពី​ខេត្ត​ព្រះវិហារ ឆ្លងកាត់​ខេត្ត​ឧត្តរមានជ័យ យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់​យប់ សម្ថ​កិច្ច​និង​មន្ត្រី​ជំនាញ​នៅតាម​ដងផ្លូវ​មិន​ដែល​ចាប់​បង្ក្រាប​សោះ​!!

បើទោះបីជា ឯកឧត្តម នាយ​ឧត្តមសេនីយ៍ឯក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដាក់​បទបញ្ជា​យ៉ាង​ក្តៅគគុក​ឲ្យ​មន្ត្រីក្រោមឱវាទ​ខិតខំ​បំពេញ​តួនាទី ចាប់​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ធនធានធម្មជាតិ​ឲ្យ​ខាន​តែ​បាន​ជាដាច់ខាត​យ៉ាងណាក៏ដោយ ក៏​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​នៅក្នុង ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ទាំងនោះ​នៅតែ​គ្មាន​ចំណាត់ការណ៍​ទប់ស្កាត់​ចាប់​បង្ក្រាប និង​នៅ​តែ​បន្ត​បើកដៃ​បណ្តោយ​ឲ្យ​ពួក​ឈ្មួញ​រកស៊ី​ដឹក​បទល្មើស​ព្រៃឈើ យ៉ាង​គឃ្លើន​ជា​រៀងរាល់ថ្ងៃ​រាល់​យប់​ដដែល​។​

​ជាក់ស្តែង​ជា​រៀងរាល់​យប់​ស្ត្រី​មេ​ឈ្មួញ​វ័យក្មេង​ជើង​ខ្លាំង​ឈ្មោះ ចែ ញ៉ាញ់ និង​កូនចៅ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទ្វារ​អត់​ច្បាប់​តាម​រយៈ​រថយន្ត​ជាច្រើន​គ្រឿង​ដូចជា ១. រថយន្ត​ម៉ាក កូរ៉េ ពណ៌​ស ពាក់​ស្លាក​លេខ​(​សៀមរាប 2C-3005) ២. រថយន្ត​ម៉ាក ហ្វ្រ​ន់​ធា ពណ៌​ស ពីរ​បាំង ពាក់​ស្លាក​លេខ​(​បាត់ដំបង 2B-2795) ៣. រថយន្ត​ម៉ាក តា​កូម៉ា មួយ​បាំង​កន្លះ ពណ៌​ទឹកប្រាក់ ៤. រថយន្ត​ម៉ាក ម៉ាស្ដា មួយ​បាំង​កន្លះ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​(​ខេមរភូមិន្ទ 2-8915) ដឹកឈើ​ទ្វារ​ពេញៗ​រថយន្ដ​ចេញពី​ខេត្ត​ព្រះវិហារ ធ្វើដំណើរ​ឆ្លងកាត់ ស្រុក​ត្រពាំង​ប្រាសាទ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ឆ្ពោះ​យកទៅលក់​នៅ​តាម​បណ្ដា​ខេត្ត​នានា​ដូចជា ខេត្ត​បន្ទាយមានជ័យ ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប ដោយ​ធ្វើ​ការដឹកជញ្ជូន​បាន​យ៉ាង​រលូន​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​គ្រប់​មូលដ្ឋាន​ក្នុង​ខេត្ត​ទាំង​ពីរ​នេះឡើយ​។​

​ប្រជាពលរដ្ឋ​ជាច្រើន​បានដាក់​ការសង្ស័យថា ប្រហែល​ជា​មេ​ឈ្មួញ​ស្រី​ឈ្មោះ ចែ ញ៉ាញ់ នេះ​មាន​ការរៀបចំ​ជា​កញ្ចប់​លុយ​ឲ្យ សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ចាប់ពី​ថ្នាក់​ស្រុក​ដល់​ថ្នាក់​ខេត្ត អស់ហើយ​ក៏​មិនដឹង ហើយ​ប្រសិនបើ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​គ្មាន​ការ​បើកដៃ​និង​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​នោះទេ គឺ​មេ​ឈ្មួញ​ស្រី​រូប​នេះ​ក៏​មិន​អាច​ធ្វើ​ការដឹកជញ្ជូន​ឈើ​ទ្វារ​អត់​ច្បាប់​ទាំងនេះ ចេញពី​ខេត្ត​ព្រះវិហារ ឆ្លងកាត់​ខេត្ត​ឧត្តរមានជ័យ ទៅ​ខេត្ត​ផ្សេងៗ​បាន​តាមតែ​អំពើ​ចិត្ត​នោះ​ឡើយ ព្រោះ​ត្រូវ​ប្រឈមមុខ​និង​ការចាប់​បង្ក្រាប​ជៀស​មិន​ផុត​នោះ​ទេ​។​

​ប្រជាពលរដ្ឋ​ជាច្រើន​សូម​ធ្វើការ​សំណូមពរ​និង​អំពាវនាវ​ទៅ​ដល់ ប្រមុខ​រាជរដ្ឋាភិបាល​ថ្នាក់ដឹកនាំ​កំពូល និង​មន្ត្រី​ជំនាញ​ថ្នាក់ជាតិ​ទាំងអស់ ជួយ​ទប់ស្កាត់​និង​ធ្វើ​ការបង្ក្រាប​ចំពោះ​ស្ត្រី​មេ​ឈ្មួញ​ជើង​ខ្លាំង​វ័យក្មេង​ឈ្មោះ ចែ ញ៉ាញ់ នេះ​ផង បើ​មិន​ដូច្នោះ​ទេ​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ច្បាស់​ជា​រង​នូវ​ការ រលាយ​ហិនហោចខ្លោចផ្សា​ខ្ទេចខ្ទី អស់​ជា​មិនខានឡើយ ហើយ​ក៏​សូម​ជួយ​ដុះក្អែល​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន​ទាំង​ពីរ​ខេត្ត​នេះ​ចេញ​ផង ព្រោះ​អស់​លោក​មន្ត្រី​ទាំងអស់​នេះ​មិន​ដែល​ធ្វើការ​ចាប់​បង្ក្រាប បទល្មើស​របស់​មេ​ឈ្មួញ​ស្រី​ឈ្មោះ ចែ ញ៉ាញ់ ទេ បើទោះបីជា​មាន​ការរិះគន់​ខ្លាំងៗ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ការចុះផ្សាយ​ពី​សំណាក់ សារព័ត៌មាន និង​ទូរទស្សន៍ ជា​ច្រើនលើក​ច្រើនសារ​រាប់​ឆ្នាំកន្លងមក រហូតមកដល់​ក្នុងពេល​បច្ចុប្បន្ន​នេះ​ក៏​ដោយ ក៏​មន្ត្រី​ជំនាញ​គ្រាប់​ល្ពៅ​ទាំងនេះ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​៕

 

Leave a Reply

Your email address will not be published. Required fields are marked *