រតនគិរី ៖ ដំរីឈ្មោលមួយក្បាលរបស់សមាគមន៍មូនិុំអភិរក្សដំរីខ្មែរអៃរាវត្ដាដែលសម្រាប់ដឹកភ្ញៀវទេសចរណ៍យកលុយបានចាក់ក្មេងប្រុសម្នាក់ស្លាប់កាលពីព្រឹកថ្ងៃទី១៤ខែមីនាឆ្នាំ២០២០។ក្មេងរងគ្រោះមានឈ្មោះហៀកជីវ:ភេទប្រុសអាយុ១០ឆ្នាំជនជាតិព្រៅជាសិស្សសាលាមានទីលំនៅភូមិកាទៀងឃុំល្បាំង២ស្រុកលំផាត់ខេត្ដរតនគិរី។
ប្រភពបានឱ្យដឹងថាកាលពីព្រឹកថ្ងៃទី១៤ខែមីនាឆ្នាំ២០២០មានហ្មដំរីម្នាក់ឈ្មោះប៊ុនរឿនផ្លាលបាននាំក្មេងរងគ្រោះត្រូវជាក្មួយជិះម៉ូតូជូនខ្លួនទៅកន្លែងចងដំរីដើម្បីឱ្យក្មួយយកម៉ូតូមកវិញ។ប៉ុន្ដែពេលទៅដល់កន្លែងហ្វូងដំរីបួនក្បាលក្នុងនោះស្រាប់មានដំរីមួយក្បាលឈ្មោះបាក់ម៉ៃបានស្ទុះមករកក្មេងដែលដួលហើយចាក់ចំដើមទ្រូងបណ្ដាលឱ្យស្លាប់។
ប្រភពដដែលបានឱ្យដឹងទៀតថានៅពេលជាមួយគ្នានោះហ្មដំរីបានរត់គេចខ្លួនបាត់តែសាច់ញាតិបានដឹងហើយក៏ប្រញាប់ដឹកក្មេងរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្ដដើម្បីសង្គ្រោះ។តែក្មេងនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។នៅពេលបន្ទាប់នោះគេឃើញមានសមត្ថកិច្ចចម្រុះបានចុះទៅដល់កន្លែងកើតហេតុ។
លោក សាយ ឃីលី មេប៉ូលិសប៉ុស្ដិ៍រដ្ឋបាលឃុំល្បាំង២បានប្រាប់ឱ្យដឹងតាមទូរស័ព្ទថាក្មេងប្រុសដែលមានឈ្មោះដូចខាងលើគឺពិតជាស្លាប់ដោយសាសត្វដំរីរបស់សមាគមអៃរាវត្ដាចាក់និងភ្លុកចំដើមទ្រូងឱ្យស្លាប់មែន។
អតីតហ្មដំរីម្នាក់ដែលធ្លាប់បម្រើការនៅសមាគមនេះបានបង្ហើបឱ្យដឹងថាដំរីដែលបោកក្មេងប្រុសបណ្ដាលឱ្យស្លាប់នោះដើមឡើយជាដំរីនៅខេត្ដមណ្ឌលគិរី។ដំរីនោះកាលពីប៉ុន្មានឆ្នាំមុនវាធ្លាប់ប្រើភ្លុកចាក់ដើមទ្រូងម្ចាស់វាស្លាប់ម្នាក់ដែរ ។ ក្រោយមកខាងសមាគមមូនិធិអភិរក្សដំរីអៃរាវត្តាបានទិញមកសម្រាប់ធ្វើអាជីវកម្មដឹកភ្ញៀវយកលុយនៅរមណីយដ្ឋានទឹកធ្លាក់កាទៀងនេះ។ត្រូវគាត់ជាអ្នកមើលថែនិងបន្សាំងឱ្យស្លូតបូតដូចដំរីផ្សេងទៀត។
ហ្មដំរីរូបនោះបានបញ្ជាក់ថាកាលពីគាត់នៅកាន់ការជាហ្មដំរីបានធ្វើវិធីប្រោះព្រំនិងសែនព្រេនឱ្យវាជារៀងរាល់ឆ្នាំ។ តែក្រោយពីគាត់លាឈប់ពីការងារនៅទីនោះអ្នកក្រោយគេមិនជឿលើកាសែនព្រេនធ្វើឱ្យដំរីនោះរើកំហឹងឡើងវិញហើយពេលនេះវាបានចាក់ក្មេងស្លាប់ម្នាក់ទៀត។មកដល់ពេលនេះគេនៅមិនទាន់បានដឹងថាម្ដាយឪពុកក្មេងរងគ្រោះនោះនឹងដាក់ពាក្យប្ដឹងទារសំណងពីលោកស្រីខៃចិន្ដាប្រធានសមាគមដូចខាងលើនោះយ៉ាងណានៅឡើយទេ៕







