- ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ជិត​១០០​នាក់​នាំគ្នា​ទៅ​ដុត​បំផ្លាញ​ទីស្នាក់ការ​ប៉ុស្តិ៍​ឧទ្យាន​ជាតិ​វរៈជ័យ​ចំនួន​២​ខ្នង​និង​ខូចខាត​សម្ភារ​មួយចំនួន​នៅ​ស្រុក​តា​វែង​

(​រតនគិរី​) ៖ ប្រជាពលរដ្ឋ​ចំនួន​៧៥​នាក់​មធ្យោបាយ​ម៉ូតូ​៤០​គ្រឿង​នៅ​ថ្ងៃទី​១០​ខែ​ឧសភា​ឆ្នាំ​២០២០​បាននាំគ្នា​ទៅ​ដុត​បំផ្លាញ​ទីស្នាក់ការ​ប៉ុស្តិ៍​ឧទ្យាន​ជាតិ​វរៈជ័យ​ចំនួន​២​ខ្នង​ត្រង់ចំណុច​អូរ​ឡា​ប៉ង​ស្ថិតក្នុង​ភូមិ​តា​បូក​ឃុំ​តា​វែង​លើ​ស្រុក​តា​វែង​ខេត្ត​រតនគិរី​។​

​ក្រោយពី​ទទួល​ព័ត៌មាន​កម្លាំង​នគរបាល​ស្រុក​តា​វែង​បាន​សហការ​គ្នា​ចុះ​ត្រួតពិនិត្យ​និង​ស៊ើបអង្កេត​ករណី​ខាងលើ​នេះ​បានឲ្យដឹង​ថា​ដោយសារ​មន្ត្រី​ឧទ្យានុ​រក្សចំនួន​៤​នាក់​ទី​១-​ឈ្មោះ​បាន អន​(​ដឹកនាំ​),​ទី​២-​ឈ្មោះ​ទុំ វ័ន​,​ទី​៣-​ឈ្មោះ​សាយ សំអាន​និង​ទី​៤-​ឈ្មោះ​ជា ប៊ុនលឿ បាន​ចុះ​ដកហូត​ដីចំការ​ដោយ​វាយ​ផ្លាកសញ្ញា​លើ​ដើមឈើ​ដោយ​សរសេរថា​(​ដី​នេះ​ត្រូវ​ដកហូត​)​ព្រមទាំង​ដុត​ខ្ទម​ចំការ​របស់​ប្រជាពលរដ្ឋ​ចំនួន​២​កន្លែង​កាលពី​ថ្ងៃ​ទី​៩​ខែ​ឧសភា​ឆ្នាំ​២០២០​កន្លងទៅ ។​

​ប្រភព​ព័ត៌មាន​ដដែល​ខាងលើ​បន្ត​ថា​ដោយសារតែ​មាន​គំនុំ​ជាមួយ​មន្ត្រី​ឧទ្យាន​នុរ​ក្ស​ទើប​ពួកគេ​គៀងគរ​គ្នា​ជិត​១០០​នាក់​មក​ដុត​បំផ្លាញ​ទីស្នាក់ការ​ឧទ្យាន​ជាតិ​វរៈជ័យ​នោះ​ចោល​តែម្តង ។​

​ប្រភព​ព័ត៌មាន​ខាងលើ​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​សម្ភារ​ខូចខាត​រួមមាន​៖​អង្ករ​ចំនួន​១​បេ​,​ឆ្នាំង​ចំនួន​៦,​អង្រឹង​ចំនួន​៤,​អាគុយ​ចំនួន​១,​កាន​ដាក់​ទឹក​ចំនួន​៣,​ក្តារងឿ​ប្រភេទ​ឈើ​កកោះ​ចំនួន​២​សន្លឹក ។​

​ជាមួយគ្នា​នឹង​សកម្មភាព​ប្រជាពលរដ្ឋ​លើកគ្នា​មក​ដុត​បំផ្លាញ​ទីស្នាក់ការ​ចោល​ខាងលើ​នេះ​ដែរ​លោក​ផុន ខេមរិន្ទ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី​បាន​ប្រាប់​ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ 8 HDTV​នៅ​ព្រឹក​ថ្ងៃទី​១១​ខែ​ឧសភា​ឆ្នាំ​២០២០​នេះ​ថា​ពួកគាត់​លើកគ្នា​មក​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​រដ្ឋ​ត្រូវតែ​ប្រឈមមុខ​ចំពោះ​មុខ​ច្បាប់​។​

​លោក​ថា ឥឡូវនេះ កំណត់​មុខសញ្ញា​មេខ្លោង​បាន​ហើយ​កំពុងតែ​រៀបចំ​ឯកសារ​បញ្ជូនទៅ​សាលាដំបូង​ខេត្តរតនគិរី​ផ្តន្ទាទោស​តាមច្បាប់ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *