ភ្នំពេញៈ សមត្ថកិច្ចបានចុះបិទក្រុមហ៊ុន GCG Asia Co., LTD និងឃាត់ខ្លួនប្រធានក្រុមហ៊ុន ដែលបានយកឈ្មោះ និងរូបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ទៅបង្ហោះក្នុងគេហទំព័ររបស់ខ្លួន ដោយខុសច្បាប់ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ។
ក្រុមហ៊ុន GCG Asia មានទីតាំងនៅជាន់ទី ១៦ នៃវិមានកាណាឌីយ៉ាផ្លូវ៣១៥ កែងផ្លូវព្រះមុនីវង្ស ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រធានក្រុមហ៊ុន រួមទាំងប្រពន្ធ (ជនជាតិម៉ាឡេស៊ី) ត្រូវនាំខ្លួនយកទៅសួរនាំដើម្បីចាត់ការតាមនីតិវិធី។
ការចុះបិទក្រុមហ៊ុន GCG Asia នេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ដោយសារតែមិនមានច្បាប់អនុញ្ញាតនិងអាជ្ញាប័ណ្ណត្រឹមត្រូវ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅទំព័រហ្វេសប៊ុកថា
“កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បានយករូបថតខ្ញុំ និងឈ្មោះខ្ញុំ ទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន http://gcgasiacoin.com/ ដែលនិយាយថា ខ្ញុំជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែ ឧសភា ២០១៩។ ទន្ទឹមនឹងនោះ ក្រុមហ៊ុននេះ បានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជាថាជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency)។ តាមព័ត៌មានពីស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជាគឺបញ្ជាក់ថា GCG Asia ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវហើយត្រូវបានដាក់ចូលក្នុង Black List”។
សម្តេចនាយករដ្ឋមន្ត្រីក៏បានបដិសេធន៍ព័ត៌មានដែលផ្សាយក្នុងវេបសាយរបស់ក្រុមហ៊ុនខាងលើនេះគឺមិនពិតទេ និងសូមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ពិនិត្យតាមដាន និងស្រាវជ្រាវរកមុខជនខិលខូចយកមកផ្តន្ទារទោសតាមច្បាប់ជាធរមានជាបន្ទាន់។



