ខេត្តស្ទឹងត្រែង ៖ ថ្នាំញៀនដែលមានអក្សរ(A)នៅលើកញ្ចប់ មានចំនួន១០សុងស្មើនិង១០០កញ្ចប់តូច ប្រមាណ២ ម៉ឺនគ្រាប់រួមជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចាប់ខ្លួននៅជាប់ព្រំដែនឡាវ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង ៤និង00 នាទីល្ងាចថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០២០ ចំណុចភូមិលើ ជាប់ព្រំដែនឡាវ /ឃុំព្រះរំកិល/ស្រុកបុរីអូរស្វាយសែនជ័យ/ ខេត្តស្ទឹងត្រែង និងបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាខេត្តទាំងយប់។
លោកវរសេនីយ៍ទោចែម ផានិតនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានដឹងថាជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះធីង សីហា ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
លោកវរសេនីយ៍ទោបានបន្តទៀតថាប្រតិបត្តិការនេះ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោអូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯកផៃ រស្មីស្នងការរងទទួលផែនគ្រឿងញៀនទើបតែប្រកាសកាន់តំណែងថ្មីៗនេះ។
លោកបន្តថាក្នុងប្រតិបត្តិការនេះយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(WY)មានអក្សរ(A)ចំនួន ១០ សុងស្មើនឹង ១០០កញ្ចប់តូចប្រមាណ ២ ម៉ឺនគ្រាប់។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងគ្រឿងញៀនខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕



