មណ្ឌលគិរី: ជារាងរាល់យប់ថ្ងៃមានម៉ូតូដឹកឈើឆ្លងដែនខុសច្បាប់ ទៅប្រទេសវៀតណាម តាមច្រកឡាប៉ាខេ(ស្រុកកែវសីម៉ា) ចេញទៅតាមច្រករបៀងងាំតាយិន និងច្រករបៀង35 ដឹកបន្តទៅច្រករបៀងងាំដីដោយ ក្នុងមួយថ្ងៃៗមួយយប់ៗ រាប់រយម៉ូតូ ហើយក្នុងនោះក៏មានរថយន្តផងដែរ ហេីយច្រករបៀងទាំងអស់នោះ គឺគ្រប់គ្រងដោយលោក សា ផល្លា ដែលជានាយប៉ុស្តិ៍ច្រកទ្វារព្រំដែនគោកឡាប៉ាខេ ។
ចំណុះឱ្យវរៈ 621 និងលោក ខៃ ជាមេបញ្ជាការប្រចាំ គ 2 កងអនុសេនាធំលេខ 2 ព្រំដែនគោកឡាប៉ាខេ ហេីយបានប្រគល់តួនាទីឲ្យលោក អ៊ូច សុភក្ត្រ ជាអ្នកដើរប្រមូលលុយ ពីមេឈ្មួញតាមច្រករបៀងងាំ នីមួយៗ មានដូចជា: ច្រករបៀងងាំអូរជុំ ,យូឡឹត,តាយិន បាឡាង ,បាវ៉េ និងច្រករបៀងងាំដី ហើយឈេីទាំងអស់នោះ គឺដឹកចេញពីដែនជម្រកសត្វព្រៃស្រុកកែវសីមា ដែលគ្រប់គ្រងដោយលោក ឌឹន ប៊ុនធឿន ជាប្រធានដែនជម្រកសត្វព្រៃ ប្រចាំស្រុកកែវ សីមា។
តាមប្រភពបានបញ្ជាក់ផងដែរថា រាល់ការដឹកជញ្ជូនបទល្មើសព្រៃឈើ ចេញពីដែនជម្រកសត្វព្រៃ ឆ្លងដែនទៅប្រទេសវៀតណាម គឺមិនដែលមានមន្ត្រីជំនាញ រឺសមត្ថកិច្ចណាមួយហ៊ានចេញមកបង្ក្រាប ឬទប់ស្កាត់ម្ដងនោះឡើយ ទាំងដែលសម្ដេចតេជោ សែន និងសម្ដេចក្រឡាហោម ស ខេង ធ្លាប់បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ មកលើមន្ត្រីក្រោមឱវាទ ឲ្យធ្វេីការទប់ស្កាត់រាល់បទល្មើសព្រៃឈើអោយខានតែបាន តែផ្ទុយទៅវិញ មន្ត្រីជំនាញ និងសមត្ថកិច្ចទាំងនោះ មិនព្រមអនុវត្តតាម គោលការណ៍របស់សម្ដេចទាំងពីរឡើយ រឺចាំទាល់តែយកអភិក្រមទាំង05 របស់សម្តេចតេជោ មកប្រេីទើបចេញមុខបង្ក្រាបបទល្មើសបាន។
ស្របពេលជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋបានសុំការអន្តរាគមន៍ ពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរាជអាវុធហត្ថលើផ្ទៃប្រទេស និងអគ្គស្នងការនគរបាលជាតិ ឯកឧត្តមសន្តិ នេត សាវឿន និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ មេត្តាចាត់វិធានការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ ដែលកំពុងធ្វេីសកម្មភាពយ៉ាគគ្រឹក គគ្រេងរាល់ថ្ងៃនេះ អោយបានទាន់ពេលផងទាន បើមិនដូច្នោះទេ ព្រៃឈើក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃ ស្រុកកែវសីមា ពិតជាប្រឈមនិងការវិនាសអន្តរាយ ក្នុងពេលឆាប់ៗនេះ ជាក់ជាមិនខាន៕ ឆារីយ៉ា







