- សន្តិសុខ សង្គម

ចាប់ខ្លួន​មន្ត្រី​នគរបាល​ម្នាក់​យក​កាំភ្លើង​ភ្ជង់​ប្រពន្ធ​គេ​ឲ្យ​ដោះ​សម្លៀក​បំពាក់ រួច​ចាប់រំលោភ​រហូត​បាន​សម្រេច​

(​ភ្នំពេញ​)៖ ជនសង្ស័យ​ជា​មន្ត្រី​នគរបាល​ម្នាក់ បាន​ដក​កាំភ្លើង​ភ្ជង់​ប្រពន្ធ​គេ​.​ឲ្យ​ដោះ​សម្លៀក​បំពាក់ រួច​ផ្ដួល​នាង​ទៅ​នឹង​ដី​ចាប់រំលោភ​រហូត​បាន​សម្រេច ។​ហើយ​ព្យាយាម​រត់គេចខ្លួន តែ​ត្រូវ​ជនរងគ្រោះ និង​សមត្ថកិច្ច​ប្រើ​ល្បិច​ធ្វើ​ជា​ណាត់​ជួប​គ្នា​ដើម្បី​ចាប់ខ្លួន​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០:២០​នាទី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​វិមាន​ឈ្នះ​ឈ្នះ ភូមិ​គប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ ខេ​ម វណ្ណឌី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​នគរបាល​ជាតិ ស្នាក់នៅ​ភូមិ​បាក់​ខែង សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ (​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០២០)​។ ចំណែក​ជនរងគ្រោះ មាន​អាយុ​២៦​ឆ្នាំ ស្នាក់នៅ​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​វត្ថុតាង​ដកហូត​រួមមាន​៖ កាំភ្លើង​ម៉ាក ROLO លេខ 874015 ចំនួន​១​ដើម​, គ្រាប់កាំភ្លើង​ចំនួន ០៥​គ្រាប់​, រថយន្ត​ម៉ាក​កូរ៉ូឡា ពណ៌​ទឹកប្រាក់ ស៊េរី ១៩៩៤ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-4327 មួយគ្រឿង និង​ទូរ​សព្ទ ១​គ្រឿង​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ បាន​បញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ថា មុនពេល​កើតហេតុ ជនរងគ្រោះ​និង​ប្តី បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ចេញពីផ្ទះ​មក​ដក​ក្រអៅឈូក​នៅ​ចំណុច​កើតហេតុ ដោយ​ប្តី​បាន​ឲ្យ​ប្រពន្ធ​ដែល​ជា​ជនរងគ្រោះ​នៅ​ឈរ​ចាំ​ម៉ូតូ ហើយ​ប្តី​ជា​អ្នក​ចុះ​ទៅ​ដក​។​

​មួយសន្ទុះ​ក្រោយ​មក​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​មក​ឈប់​ក្បែរ​របង រួច​បាន​ដើរ​សំដៅ​មករក​ជនរងគ្រោះ ដោយ​សួរ​ថា​ប្តី​ទៅណា​? តែ​ជនរងគ្រោះ​មិន​តប​នោះទេ រួច​ជនសង្ស័យ​ក៏​ពឹង​ជនរងគ្រោះ​ឲ្យជួយ​បង្វែរ​ក្បាលទូក​នៅក្បែរ​នោះ តែ​ជនរងគ្រោះ​បដិសេធ ហើយក៏​ដើរ​ចេញ​មក​ក្រៅ​របង​ថ្ម ក៏​ត្រូវ​ជនសង្ស័យ​ដក​កាំភ្លើង​ម៉ាក ROLO មក​ភ្ជង់​ដើមទ្រូង បង្ខំ​ឲ្យ​ជនរងគ្រោះ​ដោះ​សម្លៀក​បំពាក់ រួច​ចាប់រំលោភ​រហូត​បាន​សម្រេច​។​ពេលនោះ ជនរងគ្រោះ​ក៏​ប្រើ​ល្បិច​ធ្វើជា​សុំ​លេខ​ទូរ​សព្ទ​ជនសង្ស័យ ដើម្បី​ទុក​សម្រាប់​ទាក់ទង​គ្នា​ពេល​ក្រោយ ហើយ​ជនសង្ស័យ​ក៏​បាន​ឲ្យ​លេខ​ទូរ​សព្ទ រួច​បាន​ដើរ​ទៅ​យក​ម៉ូតូ​ជិះ​គេច​ទៅ​ទិស​ខាងកើត​បាត់​។​

​ក្រោយមក​ជនរងគ្រោះ​បាន​មក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​គោក​រកា ដោយ​សមត្ថកិច្ច​បាន​ស​ហ​ការ​ជាមួយ​ជនរងគ្រោះ ប្រើ​ល្បិចតេ​ហៅ​ជនសង្ស័យ​ណាត់​ជួប​ជនរងគ្រោះ​ម្តងទៀត នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ លុះ​ជនសង្ស័យ​មកដល់​ឃើញ​សមត្ថកិច្ច​ក៏​ព្យាយាម​បើករថយន្ត​ម៉ាក​កូរ៉ូឡា ស៊េរី​១៩៩៦ គេច​រហូត​ដល់​ចំណុច​វិមាន​ឈ្នះ​ឈ្នះ ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែម្តង ដកហូត​បាន​ទាំង​វត្ថុតាង​ថែមទៀត​។​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕

 

Leave a Reply

Your email address will not be published. Required fields are marked *