- សន្តិសុខ សង្គម

ញាក់សាច់​! ឆ្មក់​ចូល​កាស៊ីណូ​មួយ​នៅ​ប៉ោយប៉ែត រក​ឃើញ​អ្នក​លក់​និង​អ្នក​ជក់​គ្រឿងញៀន​១៥៥​នាក់​

កងកម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត និង​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ក្រោយ​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដោយ​មាន​ការសម្របសម្រួល​និតិ​វី​ច្បាប់​ពី​លោក មាស ចន្ទ័​ពិសិដ្ឋ ព្រះ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ បាន​ឆ្មក់​ចូល​បង្ក្រាប​ឃាត់​បាន​ជនសង្ស័យ​អ្នកលក់ និង​អ្នកប្រើប្រាស់​គ្រឿងញៀន​១៥៥​នាក់ ដកហូត​បាន​វត្ថុតាង​បាន​ថ្នាំញៀន​មួយចំនួនធំ​។​

​យោងតាម​របាយការណ៍​របស់ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត លោក ធិន ស៊ិន​ដេត បានឲ្យដឹង​ថា​ប្រតិបត្តិ​ការបង្ក្រាប​នេះ សមត្ថកិច្ច​យើង​ឃាត់​បាន​ជនសង្ស័យ​ចំនួន ១៥៥​នាក់ ក្នុងនោះ​អ្នកជួញដូរ​គ្រឿងញៀន​០២​នាក់ អ្នក​មាន​ថ្នាំញៀន​លើ​ខ្លួន ៣​នាក់ មេកា​ប្រុស​ស្រី ៤​នាក់ សន្តិសុខ​២​នាក់​។ ដកហូត​បាន​វត្ថុតាង ថ្នាំ​ប្រភេទ​គ្រាប់​ពណ៌​ក្រហម​ចំនួន ៥៤​គ្រាប់ ម្សៅ​ក្រម​ពណ៌​ស ចំនួន ០៥​ថង់ ម្សៅ​ម៉ត់​ចំនួន​០១​ថង់​តូច ទូ​បាញ់​ត្រី​០៨​គ្រឿង ស្លុត​ហ្គេម​១៤​គ្រឿង ថ្នាំ​គ្រវី​០១​គ្រាប់ ត្រួតពិនិត្យ​ទឹកនោម នៅនឹងកន្លែង​២២​នាក់ ស្រី​២​នាក់ មាន​សារធាតុ​ញៀន និង​វត្ថុតាង​ផ្សេងៗ​មួយចំនួន​។​

​លោក ធិន ស៊ិន​ដេត បាន​បន្តថា ការបង្ក្រាប​ទីតាំង​កាស៊ីណូ​ឡាក់​គី គឺ​ធ្វើឡើង​ក្រោយ​ពី​មាន​ពលរដ្ឋ​យុវជន​មួយចំនួន​ប្តឹង និង​រាយការណ៍​ថា កូនចៅ​របស់​ពួកគាត់​មួយចំនួន​ទៅ​លេង​ល្បែង​ភ្នាល់​បាញ់​ត្រី ស្លុត និង​ជួបជុំ​មិត្ត​ភក្កិ​ជក់​ថ្នាំញៀន​ទីនោះ​។​

​ក្រោយ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​មួយចំនួន​មក​សួរនាំ ពួកគេ​បាន​សារភាពថា ថ្នាំញៀន​ទិញ​ថ្នាំញៀន​ពី​ទីតាំង​កាស៊ីណូ​ខាងលើ ទើប​សមត្ថកិច្ច​យើង​ឆ្មក់​ចូល​បង្ក្រាប ឈាន​ដល់​ការចាប់ខ្លួន​មនុស្ស​រហូត​១៥៥​នាក់ និង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួនធំ​។​

​ពាក់​ពន្ធ័​ករណីនេះ លោក ង៉េ​ង សុជា ស្នងការរង​ផែន​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ប្រតិបត្តិការ​បង្ក្រាប​នេះ សមត្ថកិច្ច​យើង​បាន​ធ្វើ​កាលពី​ម៉ោង ៣​រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ រហូតដល់​ម៉ោង ៣​ទាបភ្លឺ​ព្រឹក​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ​២០១៩ ទើប​បញ្ចប់​។ ជនសង្ស័យ​ទាំងនោះ​ត្រូវ បាន​ឃាត់ខ្លួន​បញ្ជូន​តាម​រថយន្ត​សឺ​រ៉ែ​ន​៣​គ្រឿង និង​២​រថយន្តក្រុង យក​ទៅ​សួ​នាំនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សួរនាំ បន្ទាប់​ពី​ពិនិត្យ​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំងនោះ កំពុង​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន ដើម្បី​សួរនាំ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕​ឆា​រី​យ៉ា​

Leave a Reply

Your email address will not be published. Required fields are marked *