- សន្តិសុខ សង្គម

មេក្លោង​ជួញដូរ​គ្រឿងញៀន​៣​នាក់ ថ្នាំញៀន​ជិត​១​គី​ឡូ និង​វត្ថុតាង​ជាច្រើន ត្រូវ​កម្លាំង​នគរបាល​បង្ក្រាប​នៅ​ខេត្ត​ក្រចេះ

(​ក្រចេះ​)៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ សហការ​ជាមួយ​ការិយាល័យ​គ្រឿងញៀន​ខេត្ត ក្រោម​បញ្ជា​របស់​លោក​ឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត ក្រោម​ការ​សម្រប សម្រួល​ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត នា​ព្រលប់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ និង​គ្រឿងញៀន​ចំនួន​១១​កញ្ចប់ (​ជិត​១​គីឡូក្រាម​) នៅ​ភូមិ​ព្រែក​តាថឹង ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។​

​លោក អេង ហឿន អធិការ​នគរបាល​ក្រុង​ក្រចេះ បាន​បញ្ជាក់​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន Fresh News ប្រចាំ​ខេត្ត​ក្រចេះ​ឱ្យដឹង​នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា ជនសង្ស័យ​ឈ្មោះ ឈាវ សុ​នា ជា​មុខសញ្ញា​ចាស់​ដែល​កម្លាំង​នគរបាល​ក្រុង​តាម​ចាប់​។ លុះដល់​ថ្ងៃ​ម្សិលមិញ កម្លាំង​របស់​លោក​បាន​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឃាត់ខ្លួន ព្រមទាំង​បក្ខពួក​សរុប​៣​នាក់​រួមមាន​៖
*​ទី​១៖ ឈ្មោះ ឈាវ ស៊ីណា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​
*​ទី​២៖ ឈ្មោះ ហ៊ួន ប៊ុនធិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អ្នក​ទាំង​២​មាន​ទីលំនៅ ភូមិ​ព្រែក​តាថឹង ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​
*​ទី​៣៖ ឈ្មោះ ម៉ាន វ៉ា អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​

​កម្លាំង​នគរបាល ក៏​បាន​ដកហូត​វត្ថុតាង​រួមមាន​៖ ម្ស៉ៅ​ក្រាម​ពណ៌​ស (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន ១១​កញ្ចប់ (​ធំ​០៩​កញ្ចប់​, តូច​០២​កញ្ចប់​) ជិត​១​គីឡូក្រាម​, ថ្នាំ​គ្រាប់ (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន ១៦៩​គ្រាប់ (​ពណ៌​ផ្កាឈូក ចំនួន​១៦៨​គ្រាប់ ពណ៌​ខៀវ ចំនួន​០១​គ្រាប់​), ជញ្ចីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ចំនួន​០២​គ្រឿង​, ទុយោ​សម្រាប់​ចូក​រំលែក​គ្រឿង​ញ​ន ចំនួន​០២, ថង់​សម្រាប់​ច្រក​រំលែក​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុតាង ត្រូវ​បាន​ឃាត់ និង​រក្សា​ទុកជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *