- សន្តិសុខ សង្គម

សមត្ថកិច្ច​ខេត្ត​កណ្ដាល ចុះ​បិទ​ហាង​បញ្ចាំ​ខុសច្បាប់​មួយ​កន្លែង នៅ​ស្រុក​ខ្សាច់កណ្ដាល ឃាត់ខ្លួន​ម្ចាស់​ទីតាំង​អនុវត្តន៍​តាម​ច្បាប់ ខណៈ​រក​ឃើញ​ម៉ូតូ ២៤​គ្រឿង មិន​ប្រក្រតី​

កណ្តាល​៖ កាលពី​ព្រឹក​ថ្ងៃទី ០១​ខែ​សីហា ឆ្នាំ​២០២០​នេះ​សមត្ថកិច្ច​ជំនាញ​ខេត្តកណ្តាល​ចុះ​បិទ ទីតាំង​ហាង​បញ្ចាំ​ខុសច្បាប់​មួយ​កន្លែង​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​អនុវត្តន៍​តាម​ច្បាប់ ខណៈ​មន្ត្រី​ជំនាញ​រក​ឃើញ​ម៉ូតូ ២៤​គ្រឿង មិន​ប្រក្រតី ស្ថិតនៅ​ភូមិ​ស្វាយ​មាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល​។​

​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ហាង​បញ្ចាំ​ខុស​ច្បាប់​ខាងលើ​នេះ ដឹកនាំ​លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​កណ្តាល ដោយ​មាន​ការចូលរួម​ពី​សំណាក់​កងកម្លាំង​ចម្រុះ កង​អន្តរាគមន៍​ខេត្ត ដោយ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក សេង រិទ្ធី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​កណ្តាល​។​

​ម្ចាស់​ទីតាំង​ហាង​បញ្ចាំ​ខាងលើ​មានឈ្មោះ គឹម ឡេង​សល់ ភេទ​ប្រុស មុខរបរ​ទទួល​បញ្ចាំ​ម៉ូតូ និង​ប្រពន្ធ​ឈ្មោះ វ៉ា ថា​រី អាយុ​៣៣​ឆ្នាំ មុខរបរ​លក់ដូរ​មាន​ទីលំនៅ​ភូមិ ស្វាយ​មាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​។​

​ជន​សង្សយ៍ ឈ្មោះ គឹម ឡេង​សល់ នេះ​គឺជា​មេអាប៉ោង​ធំ​ប្រចាំ​នៅ​ឃុំ​វិហារ​សួគ៌​ទៀតផង និង​បាន​លួច​បើកទទួល​បញ្ចាំ​ម៉ូតូ​យូរណាស់​មកហើយ ដោយ​មិន​មាន​អាជ្ញាធរ​ឃុំ ស្រុក ណា​ចុះ​បង្ក្រាប​នោះទេ​។​

​បើ​តាម​សមត្ថកិច្ច បានបញ្ជាក់​ថា ម៉ូតូ​មួយ​ចំនួន ដែល​ម្ចាស់​ទីតាំង​ទទួល​បញ្ចាំ​នេះ គឺជា​ម៉ូតូ​ដែល​ជន​ទុច្ចរឹត កាច់ក និង​លួច​គេ​យក​មក​បញ្ចាំ ព្រោះថា​គ្រាប់​សោរ​ម៉ូតូ មាន​សភាព​បែកខ្ទេច និង​មាន​សភាព​មិន​ប្រក្រតី​ជាច្រើន​ផងដែរ​។​

​ក្នុង​ប្រតិបត្តិ​ពិនិត្យ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ទទួល​បញ្ចាំ​ម៉ូតូ​ខុសច្បាប់ របស់​ឈ្មោះ គឹម ឡេង​សល់ និង​ម៉ូតូ​ចំនួន​២៤​គ្រឿង​៖ ម៉ាក​ហុងដា ១៩​គ្រឿង​, ម៉ាកវីវ៉ា ០២​គ្រឿង​, ម៉ាក​ស្កុប​ពី ០១​គ្រឿង​, ម៉ាក​សង់​ការ៉េ ០១​គ្រឿង និង​ម៉ាក​ហុងដា​វេវ ០១​គ្រឿង​។​

​គួរ​ជម្រាប​ថា ចំពោះ​ម្ចាស់​ទីតាំង និង​ម៉ូតូ​ទាំង​២៤​គ្រឿង ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត​កណ្ដាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Leave a Reply

Your email address will not be published. Required fields are marked *