- សន្តិសុខ សង្គម

​មើល​ខាងក្រៅ​ជា កញ្ចប់​តែ តែ​ខាង​ក្នុង​សុទ្ឋតែ​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​សង្សយ័​ម្នាក់ ដកហូត​ថ្នាំញៀន ជិត​៤០​គីឡូក្រាម​

​ភ្នំពេញ ៖ នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​ដីកា​តុលាការ​ពី​បទ​ជួញដូរ​គ្រឿងញៀន​ជិត​៤០​គីឡូក្រាម កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ក្រោយ​ពី​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ កម្លាំង​សមត្ថកិច្ច​បាន​ឆែកឆេរ​បន្ទប់​នេះ​ភ្លាមៗ​ដែរ​តាម​ដីកា​បង្គាប់​និង​មាន​ការចូលរួម​ដោយ​ផ្ទាល់​ពី​លោក​ប្លង់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ឈ្មោះ ប៉ាន់ ប៉េ​រ៉ា អាយុ​ប្រហែល​៤០​ឆ្នាំ ហើយ​សមត្ថកិច្ច​រកឃើញ​វត្ថុតាង​ជាច្រើន រួម​មាន​វត្ថុ​ច្រក​ក្នុង​កញ្ចប់​តែ​សញ្ញា​លេខ​៨៨៨​ពណ៌​ត្រួយ​ចេក​ខ្ចី សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីនចំនួន​៣៧​ដុំ​។​

​វត្ថុតាង​ច្រក​ក្នុង​កញ្ចប់​តែ​សញ្ញា​ប៉ាន់តែ សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីនចំនួន​១០​ដុំ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីនចំនួន​៨​ថង់ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១​គ្រឿង ឧបករណ៍​សម្រាប់​អ៊ុត​ថង់ប្លាស្ទិក​ក្រោយ​រំលែក​គ្រឿងញៀន​១​គ្រឿង និង​ឧបករណ៍​សម្រាប់​រំលែក​គ្រឿងញៀន​មួយចំនួន​ទៀត​ផង​ដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​នាំយក​មក​សាក​សួរ និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕

Leave a Reply

Your email address will not be published. Required fields are marked *