ក្រចេះ៖ នៅវេលាម៉ោង ០៧:២០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ មានករណីក្រឡាប់សាឡាងចម្លង នៅចំនុចពង្រ~កោះតាស៊ុយ ស្ថិតក្នុងភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្រក្រចេះ បណ្ដាលឲ្យរថយន្តនឹងម៉ូតូដែលកំពុងផ្ទុកលើនោះ ធ្លាក់ចូលក្នុងទន្លេ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់កំពង់ចម្លងខាងលើមានឈ្មោះ សុះ សប់ព្រី ភេទប្រុស រស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពដដែលបន្តថា ករណីនេះបណ្តាលមកពីរថយន្តម៉ាក HINO ចំនួន ២គ្រឿង ដែលម្ចាស់រថយន្តមានឈ្មោះ សេង គឹមចាំង ដឹកដីពេញឡានបើកឡើងលើសាឡាង បម្រុងឆ្លងពីកំពង់ដរ ពង្រ ឆ្ពោះទៅកោះតាស៊ុយ ក៏រអិលកង់មកខាងឆ្វេងទាំងពីបណ្តាលអោយក្រឡាប់តែម្តង រួមជាមួយម៉ូតូ ១គ្រឿង ម៉ាកវេវអាលហ្វា (ជារបស់អ្នកបើកទូកដរ) ករណីនេះមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សនៅឡើយ។
ពាក់ព័ន្ធជុំវិញករណីក្រឡាប់ទូកដរចម្លងនេះដែរ គឺពុំមានករណីប្តឹងប្ដល់គ្នារវាងម្ចាស់រថយន្ត នឹងម្ចាស់សាឡាងចម្លងនោះឡើយ បន្ទាប់ពីមានការសម្របសម្រួលគ្នាត្រូវនៅនឹងកន្លែងកើតហេតុ៕






