- សន្តិសុខ សង្គម

ជនដៃដល់​ដែល​បាន​កាប់​ទៅលើ​យុវជន​រងគ្រោះ​បណ្តាលឲ្យ​ស្លាប់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន​ហើយ​

ខេត្ត​រតនគិរី ៖ យុវជន​ជា​ជនដៃដល់​កាប់​ទៅ​លើ​យុវជន​ម្នាក់​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត កាលពី​យប់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ក្នុងការ​ណាត់គ្នា​ទៅ​កន្លែង​ស្ងាត់​ប្រយុទ្ធ​គ្នា​នោះ ត្រូវ​កម្លាំ​កងរាជអាវុធហត្ថ តាម​ឃាត់ខ្លួន​បាន ត្រៀម​បញ្ជូន​ខ្លួន​ទៅ​តុលាការ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ នេះហើយ​។​

​ជនសង្ស័យ​ឈ្មោះ ស ម៉ាកូ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​លំនៅ​ភូមិ​៧​មករា ក្រុង​បាន​លុង ខេត្ត​រតនគិរី ត្រូវ​កម្លាំង​អាវុធហត្ថ​មន្ទីរ​យុត្តិធម៌ សហការណ៍​ជាមួយ​កម្លាំង​អាវុធហត្ថ​ក្រុង​បាន​លុង ដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោក​ឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ អាវុធហត្ថ​ខេត្ត​គិរី ចុះ​ឃាត់​ចាប់ខ្លួនបាន​នៅ​វេលា​ម៉ោង​១១.៣០​នាទី ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ភូមិ​លូត ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ខេត្ត​រតនគិរី ពាក់ព័ន្ធ​ករណី​សម្លាប់​មនុស្ស​ដោយ​ចេតនា កាល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ទោ គិន វណ្ណា ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​បញ្ជាការ​រដ្ឋា​ន កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី បានឲ្យដឹងថា ឆ្លង​តាម​ការស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់​ជាប្រចាំ ចាប់តាំងពី​ក្រោយ​ពេល​កើតហេតុ និង​តាម​ការ​ឲ្យដឹង​ពី​ដៃគូរ​សពរ​ង្គ្រោះ កម្លាំង​ជំនាញ​អាវុធហត្ថ ក៏​កំណត់​បាន​អត្តសញ្ញាណ​ជនសង្ស័យ តាម​ស្រាវជ្រាវ រហូត​ឈានដល់​ការចាប់ខ្លួន​បាន គ្រា​ដែល​ជនសង្ស័យ​ទៅ​ពួន​សម្ងំ​លាក់ខ្លួន នៅ​ភូមិ​.​ឃុំ​.​ឃាត់ខ្លួន​បាន​ខាងលើ បន្ទាប់ពី​ជន​ដៃដល់​រូបនេះ បានធ្វើ​សកម្មភាព​កាប់​ទៅ​លើ​សព​រង្គ្រោះ​រួច​មក​។

​លោក​បាន​បញ្ជាក់ទៀតថា បន្ទាប់​ពី​ឃាត់ខ្លួន​យក​មក​សួរនាំ ជនសង្ស័យ​បាន​សារភាព ហើយ​ជូន​កម្លាំង​សមត្ថកិច្ច​ទៅ​យក​វត្ថុតាង​ដាវ មាន​ប្រវែង​៦៥​សង់ទីម៉ែត្រ នៅ​ព្រៃ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ជ្រី​សង្កាត់យ​ក្ខ​ឡោម ក្រុង​បាន​លុង ខេត្ត​រតនគិរី ដែល​ជនសង្ស័យ​រូបនេះ បាន​យក​ទៅ​លាក់ទុក​នៅ​ទីនោះ បន្ទាបពី​ខ្លួនគេ​បានធ្វើ​សកម្មភាព​កាប់​រួច​មក​។

​លោក​វរសេនីយ៍ទោ បាន​បញ្ជាក់ទៀតថា ជនសង្ស័យ រួម​និង​វត្ថុតាង មន្ទីរ​យុត្តិធម៌​អាវុធហត្ថ​ខេត្ត នឹង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​រសៀល​ម៉ោង​២ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ បន្ទាប់​ធ្វើការ​សាកសួរ និង​បំពេញ​សំណុំរឿង​ចប់សព្វគ្រប់​។​

​គួររំលឹកថា ជនសង្ស័យ​ឈ្មោះ ស ម៉ាកូ នេះ​បាន​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរង្គ្រោះ​ឈ្មោះ អេង រដ្ឋា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ទំពួន ត្រូវ​ចំ​ក បណ្ដាលឲ្យ​ស្លាប់ កាលពី​វេលា​ម៉ោង​៧.៤៥​នាទី យប់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ជ្រុង​ខាងលិច​មាត់​បឹង​កន្សែង ស្ថិតក្នុង​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​ខេត្តរតនគិរី បន្ទាប់ពី​ពួកគេ បាន​ណាត់គ្នា​ទៅ​ប្រយុទ្ធ​នៅ​ទីនោះ​៕
​ដោយ គឹម សុវណ្ណរិទ្ធ​

Leave a Reply

Your email address will not be published. Required fields are marked *