ខេត្តកំពង់ស្ពឺ ៖ ផឹកស្រាស្រវឹងទាស់ពាក្យសម្ដីជាមួយបងស្រីបង្កើតនិងបងថ្លៃស្រីខឹងទាញកាំបិតតាំងតោកាប់បណ្តាលរបួសទាំង02នាក់ហើយជនបង្កគេចខ្លួនបាត់ ។ លុះស្អែកឡើងម៉ោង7ព្រឹក ថ្ងៃទី4ខែសីហាបានត្រឡប់មកផ្ទះវិញ សមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង19និង30នាទី ថ្ងៃទី 3 ខែ 8 ឆ្នាំ 2019 មានឈ្មោះ សាយ ថារិទ្ធ ភេទប្រុសអាយុ 22 ឆ្នាំមានទីលំនៅភូមិព្រៃស្ដុក ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានផឹកស្រាស្រវឹង ហើយបានទាស់ពាក្យសំដី ជាមួយបងស្រីបង្កើតរបស់ខ្លួន ឈ្មោះ សាយ សុខណា អាយុ 34ឆ្នាំ និងបងថ្លៃស្រី ឈ្មោះ ទុយ គឹមអ៉ី អាយុ 32ឆ្នាំទាំងពីរនាក់មានទីលំនៅភូមិព្រៃស្តុក ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺជាមួយគ្នា ពេលនោះ ឈ្មោះសាយ ថារិទ្ធ ខឹងក៏បានយកកាំបិតតាំងតោកាប់ទៅលើបងស្រីបង្កើតនិងបងថ្លៃស្រី បណ្ដាលឲ្យរងរបួសទាំងពីរនាក់ ពេលកាប់រួច ក៏បានរត់គេចខ្លួនបាត់ទៅ។
លុះព្រឹកឡើងថ្ងៃទី 4 ខែ 8 ឆ្នាំ 2019 វេលាម៉ោង 7 និង 50 នាទី ក៏បានឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមហាសាំង។ ករណីខាងលើនេះសមត្ថកិច្ចកំពុងសាកសួរកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចកសាងសំណុំរឿងបន្តចាត់ការតាមផ្លូវច្បាប់ ៕
ដោយ ៖ អ៊ុំ ចិត្ត្រា







