- សន្តិសុខ សង្គម

យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​ក្នុង​ហេតុការណ៍​ទុ​ស្ត​សេ​ដាច់​ខ្សែកាប​មេ​បញ្ជូន​ចរន្តអគ្គិសនី​

ខេត្ត​រតនគិរី​÷ មាន​ករណី​គួរឲ្យ​មាន​ការភ្ញាក់ផ្អើ​ល​និង​ភ័យខ្លាច​ទាំង​កណ្តាលយប់ ខណ​:​មាន​ហេតុការណ៍​ទុ​ស្ត​សេ​ខ្សែកាប​មេ​បញ្ជូន​ចរន្តអគ្គិសនី​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៦​ខែ​ឧសភា​ឆ្នាំ​២០១៩​បណ្តាល​ឲ្យ​តៃកុង​រថយន្ត​ម្នាក់​មាន​ឈ្មោះ​ថូ រតនា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​១​ក្រុម​តា​ស៊ុយ​សង្កាត់​កា​ចាញ​ក្រុង​បាន​លុង​ខេត្តរតនគិរី​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ និង​ផ្ទុះ​កង់​រថយន្ត​ចំនួន​១២​គ្រាប់​។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ក្រុមអ្នកសារព័ត៌​មាន​ដឹងថា មុនពេល​កើតហេតុ​តៃកុង​រថយន្ត​ខាងលើ​បានរៀបចំ​ចត​រថយន្ត​របស់​ខ្លួន​នៅ​ចំហៀង​ផ្ទះ​ហើយ​បាន​ចូល​ទៅ​ដេក​នៅ​ក្នុង​ការ​ប៊ីន​រថយន្ត​មួយ​សន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​មាន​ការទុស្ត​សេ​ខ្សែកាប​មេ​បញ្ជូន​ចរន្តអគ្គិសនី​បណ្តាលឲ្យ​ដាច់​ខ្សែកាប​មេនោះ​ធ្លាក់​មក​លើ​រថយន្ត​ហើយ​ចុង​ខ្សែ​ធ្លាក់​ដល់​ដី​ប៉ះ​និង​កង់​រថយន្ត​បណ្តាលឲ្យ​ផ្ទុះ​កង់​អស់ចំនួន​១២​គ្រាប់​លាន់​រំពង​ដូច​គ្រាប់បែក​ទាំង​កណ្តាលយប់​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​និង​ភ័យខ្លាច​ស្លន់ស្លោរ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរៗ​នោះ​រត់​ចែក​ជើង​គ្នា​។​

​ប្រភព​បាន​បន្តទៀតថា ក្រោយ​ពី​ផ្ទុះ​កង់​រថយន្ត​តៃកុង​រថយន្ត​ខាងលើ​ក៏​បាន​បើកទ្វា​លោត​ចេញ​មក​ក្រៅ​ក៏ប៉ុន្តែ​ស្របពេលនោះ​ដៃ​តៃកុង​ប៉ះ​ទៅ​និង​ដែក​ទ្វា​រថយន្ត​បណ្តាលឲ្យឆ​ក់​ធ្លាក់​ពី​លើ​រថយន្ត​ផ្កាប់​មុខ​មក​ដី​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​នោះ​តែម្តង​។​

​ក្រោយ​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្នងការ​ខេត្ត​ចំនួន​២​គ្រឿង​និង​រថយន្ត​របស់​អធិការ​ស្រុក​អូរ​ជុំ​ចំនួន​១​គ្រឿង​ដើម្បី​អន្តរាគមន៍​ជួយ​បាញ់​ពន្លត់ ហើយ​ក្នុងនោះ​ក៏​មាន​មន្ត្រី​ខាង​អគ្គិសនី​ចុះទៅពិនិត្យ​និង​បិត​ចរន្តអគ្គិសនី​ផងដែរ​។​

​ហើយ​ក្នុងនោះ​ក៏​មាន​រថយន្ត​សាមុយ​របស់​ស្នងការ​ខេត្ត​បាន​មក​ដឹក​ជនរងគ្រោះ​យក​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​សង្គ្រោះបន្ទាន់ ប៉ុន្តែ​ជា​អកុសល​ខាង​មន្ទីរពេទ្យ​បាន​ប្រាប់​ថា​ជនរងគ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​។​

​ទាក់ទង​ទៅ​និង​ករណី​ខាងលើ​នេះ ប្រធាន​អគ្គិសនី​ខេត្តរតនគិរី​មិនអាច​សុំ​ការបំភ្លឺ​ជុំវិញ​រឿងនេះ​បាន​ទេ​ព្រោះ​អ្នកសារព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ទៅ​ផ្នែក​រដ្ឋបាល​និង​មន្ត្រី​អគ្គិសនី​មួយ​ចំនួន​ទៀត ប៉ុន្តែ​ពួកគាត់​ដូចជា​មាន​ការលាក់លាម​ហើយ​ឆ្លើយ​ថា​អត់​ស្គាល់​លេខ​មេ​ទេ​។​

​ចំណែក​ក្រុម​គ្រួសារ​នៃ​សព​របស់​ជនរងគ្រោះ​បាន​សូម​អំពាវនាវ​ដល់​លោក​ប្រធាន​អគ្គិសនី​ខេត្តរតនគិរី​គួរតែ​ចេញមុខ​ទទួលខុសត្រូវ​ក្នុង​ករណី​ទុ​ស្ត​សេ​ដាច់​ខ្សែកាប​មេ​បញ្ជូន​ចរន្តអគ្គិសនី​នេះ​ផង មិនគួរ​គេចវេស​នោះទេ ព្រោះ​ថា​ហេតុការណ៍​ខាងលើ​នេះ​វា​បណ្តាល​មក​ពី​ទុ​ស្ត​សេ​ខ្សែកាប​មេ​របស់​អគ្គិសនី​ទេ​ដែល​បាន​ដាច់​ធ្លាក់​មក​ប៉ះ​និង​រថយន្ត​របស់​គាត់​ដែល​ចត​ទុក​ស្ងៀម​នៅក្បែរ​ផ្ទះ​ទើប​បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​និង​រថយន្ត​យ៉ាង​ដូច្នេះ​៕ ឆា​រី​យ៉ា​

 

Leave a Reply

Your email address will not be published. Required fields are marked *