ខេត្តកំពង់ស្ពឺ ៖ លោកនាយប៉ុស្តិនិងនាយរងប៉ុស្តិឃុំចំបក់ពីរនាក់ត្រូវជនសង្ស័យបាញ់ស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ក្នុងពេលបំពេញបេសកម្មបង្ក្រាបករណីហិង្សាមួយកន្លែង ស្ថិតក្នុងភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។
បើតាមសម្តីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យ ឈ្មោះ ទូច ហេង ភេទប្រុស អាយុ២៨ឆ្នាំ សព្វថ្ងៃរស់នៅភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច បានឈ្លោះប្រកែកនិងវាយតប់គ្នានៅក្នុងផ្ទះជនរងគ្រោះឈ្មោះ ចន សុខវី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា។ ហើយជនសង្ស័យបានទាញកាំបិតស្ទុះទៅរកកាប់ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះបានរត់គេចខ្លួនរួចជនសង្ស័យបន្តទៅវាយយាយ និង តារបស់ជនរងគ្រោះ ពេលនោះម្ដាយក្មេករបស់ឈ្មោះ ចន សុខវី បានរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំបក់ ឲ្យជួយធ្វើអន្តរាគមន៍ ។
សាក្សីបន្តថា ក្រោយពីរាយការណ៍ជូនសមត្ថកិច្ចរួចមួយសន្ទុះ លោកនាយប៉ុស្តិ៍ និងលោកនាយរងប៉ុស្តិ៍នគរបាលឃុំចំបក់ ក៏មកដល់ ពេលនោះជនសង្ស័យឈ្មោះ ទូច ហេង បានស្ទុះទៅវាយ និង ប្រតាយប្រតប់ជាមួយលោក ទុយ ពៅ ជានាយរងប៉ុស្តិ័ឃុំចំបក់ ហើយក៏មានការតដៃគ្នា ដោយជនសង្ស័យដណ្តើមបានកាំភ្លើងខ្លី ម៉ាក K59 របស់លោក ទុយ ពៅ ហើយបាញ់មកលើលោក ទុយ ពៅ ចំ ពោះខាងស្តាំចំនួនមួយគ្រាប់បណ្តាលឲ្យរងរបួសធ្ងន់។រួចជនសង្ស័យបានបន្តដេញបាញ់លោក រស់ សារិន នាយប៉ុស្តិ៍នគរបាលឃុំចំបក់ទៀត តែដោយសារកាំភ្លើងអស់គ្រាប់ លោកនាយប៉ុស្តិ៍ឃើញស្ថានភាព ក៏ស្ទុះទៅចាប់ជនសង្ស័យជាមួយឈ្មោះ ចន សុខវី ប៉ុន្តែត្រូវជនសង្ស័យវាយបណ្តាលឲ្យរងរបួសធ្ងន់បែកខ្ទង់ច្រមុះទើបចាប់ជនសង្ស័យឈ្មោះ ទូច ហេង បានភ្លាមៗ។ ភ្លាមនោះដែរ ប្រជាពលរដ្ឋក៏បានដឹក លោក ទុយ ពៅ នាយរងប៉ុស្តិ័នគរបាលឃុំចំបក់ ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេក លោក ទុយ ពៅ ដាច់ខ្យល់ស្លាប់តាមផ្លូវបាត់ទៅហើយ។ចំណែកលោក រស់ សារិន នាយប៉ុស្តិ៍បានរងរបួសបែកខ្ទង់ច្រមុះ ត្រូវរថយន្តសាមុយដឹកបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
ចំពោះសាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ជនសង្ស័យភ្លាមៗនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននាំមកកាន់អធិការដ្ឋានគរបាលស្រុកដើម្បីសាកសួរកសាងសំណុំបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាក់ការតាមនិតិវិធី ៕
ដោយ៖អ៊ុំ ចិត្ត្រា







